រដ្ឋបាលខេត្តកណ្តាល បានសហការជាមួយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកណ្តាល និងរតនាគារខេត្ដ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង SWOT និងវគ្គបណ្តុះបណ្តាលការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ រយៈពេល១ថ្ងៃកន្លះ ជូនលោក លោកស្រីប្រធានមន្ទីរជំនាញ/អង្គភាព រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និង រដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខា- ធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃផ្ដល់កិត្ដិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមជា គណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ SWOT និង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធាន និងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានញ៉ាំងឱ្យកម្មវិធីប្រពឹត្ដទៅប្រកប ដោយ អត្ថន័យជ្រាលជ្រៅ មានប្រសិទ្ធភាពនិង ទទួលបានភាពកក់ក្ដៅជាទីបំផុត។
គោលបំណងក្នុងការរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយការចែករំលែកទិន្នន័យ ព័ត៌មានជូនដល់ ថ្នាក់ដឹកនាំ នៃមន្ទីរជំនាញ/អង្គភាព រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់សម្រាប់ជាធាតុចូលក្នុងគោលដៅដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព ការរៀបចំផែនការអភិវឌ្ឍ ផែនការយុទ្ធសាស្រ្ដ និងផែនការសកម្មភាពឱ្យកាន់តែមានភាពច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនិងការរីកចម្រើនសង្គម សេដ្ឋកិច្ចនៅមូលដ្ឋាន និងពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ និងគុណវុឌ្ឃិជំនាញវិជ្ជាជីវៈ របស់មន្រ្ដីគ្រប់គ្រងហិរញ្ញវត្ថុ នៃមន្ទីរជំនាញ/អង្គភាព រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងការអនុវត្ដច្បាប់ អនុក្រឹត្យ សារាចរណែនាំ ប្រកាស និងលិខិតបទដ្ឋានគតិយុត្ដ ៕